Home » News » ពិព័រណ៍ ផលិតផលសហគមន៍ មកពី១១ខេត្ត...

ពិព័រណ៍ ផលិតផលសហគមន៍ មកពី១១ខេត្ត នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំថ្ងៃ១៤កុម្ភៈ

2018-02-05 16:16:45

By: Information Technology Center

ពិព័រណ៍ផលិតផល សូត្រនិងតម្បាញ ចម្លាក់និងសូនរូប ម្អូបអាហារ និងផលិផលកែច្នៃ ពីធនធានក្នុង សហគមន៍ ជាង៤០ស្តង់ មកពី១១ខេត្ត នឹងដាក់បង្ហាញជូន សាធារណៈជន ទសន្សនានៅថ្ងៃទី១៤ និង១៥ ខែកុម្ភៈ នៅទីធ្លាខាងស្តាំដៃ តារាងបាល់ទាត់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង៥ល្ងាច។

ពិព័រណ៍ផលិតផលសហគមន៍ខ្ញុំ ក្រោមពាក្យស្លោក «ការអភិវឌ្ឍ-ការច្នៃប្រឌិត-យុវជន» នេះ នឹងរៀបចំ ឡើងដោយ មហាវិទ្យាល័យ សិក្សាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណង ដើម្បីបង្ហាញពី គំរូជោគជ័យ នៃការអភិវឌ្ឍសហគមន៍ ការលើកកម្ពស់ ផលិតផលសហគមន៍ ការផ្សាភ្ជាប់និស្សិត ជាមួយសហគមន៍មូលដ្ឋាន ការបង្កើនការយល់ដឹង ពីការអភិវឌ្ឍសហគមន៍ ដោយមាននិរន្តភាព ទំនាក់ទំនងរវាង ការអភិវឌ្ឍន៍សហគមន៍ ការអភិវឌ្ឍសេដ្ឋកិច្ច និងការគ្រប់គ្រង ធនធានធម្មជាតិ និងការអភិវឌ្ឍន៍ ជាមួយផលិតផល សហគមន៍ដល់ យុវជនកម្ពុជា ការលើកទឹកចិត្តយុវជន ក្នុងការចូលរួម ការងារសង្គម និងការលើកទឹកចិត្ត ឲ្យនិស្សិតចេះរៀបចំ ព្រឹត្តិការណ៍នានា នៅសហគមន៍របស់ពួកគេ នាពេលអនាគត។

ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួង អភិវឌ្ឍជនបទ តំណាងក្រសួង វប្បធម៌ និង ឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងពិព័រណ៍ ផលិតផលសហគមន៍ខ្ញុំ។ ក្នុងកម្មវិធីពិព័រណ៍ ផលិតផលសហគមន៍ខ្ញុំ នេះផងដែរ ក៏មានការប្រកួត ស៊ែលហ្វី Selfie ជាមួយស្តង់ ពិព័រណ៍ផលិតផល លេងល្បែងប្រជាប្រិយខ្មែរ ការសំដែងរបស់ ក្រុមនិស្សិត និង ការប្រគំតន្រ្តី ទស្សនាកំសាន្ត។

ផលិតផលសហគមន៍ ដែលនឹងចូលរួម តាំងពិព័រណ៍ រួមមានសូត្រ និងតម្បាញ ១៥ស្តង់ សម្លាក់ និងសូនរូប ៨ស្តង់ ម្ហូបអាហារ ៧ស្តង់ និងផលិតផលកែច្នៃ ពីធនធានក្នុង សហគមន៍ផ្សេងៗ ១១ស្តង់ ដែលមកពីសហគមន៍ ក្នុងខេត្តចំនួន១១ ជាអាទិ៍ ខេត្តកណ្តាល កំពង់ចាម កំពង់ឆ្នាំង តាកែវ បាត់ដំបង ពោធិសាត់ ព្រៃវែង មណ្ឌលគិរី សៀមរាប ស្ទឹងត្រែង និង រាជធានីភ្នំពេញ។ ក្រុមនិស្សិត មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ សង្ឃឹមយ៉ាងមុតមាំថា ពិព័រណ៍ផលិតផល សហគមន៍ខ្ញុំនេះ នឹងចូលរួមលើកកម្ពស់ ផលិតផលសហគមន៍ ចូលរួមចំណែកក្នុងការ អនុវត្តយុទ្ធសាស្រ្ត ចតុកោណរបស់ រាជរដ្ឋាភិបាល ដែលបានលើកកម្ពស់ ភាពជាអ្នកដឹកនាំ របស់យុវជននៃកម្ពុជា៕

Back to All News »

Share this news