News

កិច្ចប្រជុំលើកទី២ នៃគម្រោង START Cambodia ស្តីពី «ការផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់ការពង្រីកឱកាសចូលរៀន ការពង្រឹងការរក្សានិស្សិតឱ្យបន្តការសិក្សា និងការលើកកម្ពស់លក្ខខណ្ឌសម្រាប់និស្សិតមកពីមជ្ឈដ្ឋានចម្រុះ ឆ្ពោះទៅការអភិវឌ្ឍឧត្តមសិក្សានៅកម្ពុជា»

November 07, 2026

នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមកិច្ចប្រជុំលើកទី២ នៃគម្រោង START Cambodia (Strategic Transformations for Wider Access, Stronger Retention and Improved Conditions for More Diverse Students to Thrive) ដែលរៀបចំដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ង៉យ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា ដោយមានសុន្ទរកថាស្វាគមន៍ពី ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងមតិសំណេះសំណាលពីលោកស្រី Flora Bertizzolo អនុប្រធានផ្នែកអប់រំ និងជំនាញ នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះក៏មានការចូលរួមពីក្រុមការងារអនុវត្តគម្រោងនៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈកម្ពុជាចំនួន៥ រួមមាន៖ វិទ្យាស្ថានជាតិអប់រំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ ព្រមទាំងអគ្គនាយកដ្ឋានឧត្តមសិក្សា និងសាកលវិទ្យាល័យ Groningen នៃប្រទេសហូឡង់។

គម្រោង START Cambodia ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប មានគោលបំណងសំខាន់ចំនួន៣៖
• ការពង្រីកឱកាសចូលរៀននៅឧត្តមសិក្សាប្រកបដោយសមធម៌ ជាពិសេសសម្រាប់សិស្សមកពីគ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។
• ការកែលម្អកម្មវិធីសិក្សាឆ្នាំទី១ ដើម្បីពង្រឹងការបន្តការសិក្សា និងលើកកម្ពស់ភាពជោគជ័យក្នុងការសិក្សារបស់និស្សិត។
• ការកសាងយន្តការ និងរចនាសម្ព័ន្ធគាំទ្រ សម្រាប់ការផ្លាស់ប្តូរពីមធ្យមសិក្សាទៅឧត្តមសិក្សាប្រកបដោយបរិយាបន្ន។

គម្រោង START Cambodia គឺជាកិច្ចសហប្រតិបត្តិការដ៏សំខាន់ក្នុងការជំរុញកំណែទម្រង់ឧត្តមសិក្សានៅកម្ពុជា ដើម្បីពង្រឹងគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងបង្កើនឱកាសឱ្យនិស្សិតមកពីមជ្ឈដ្ឋានចម្រុះអាចចូលរៀន បន្តការសិក្សា និងទទួលបានជោគជ័យក្នុងការអប់រំឧត្តមសិក្សា។

#RUPP #STARTCambodia #HigherEducation #InclusiveEducation #EuropeanUnion