អាហារូបករណ៍ ÆON 1% Club Foundation សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមជូនដំណឹងដល់និស្សិតឆ្នាំទី១ដល់៣ នៃឆ្នាំសិក្សា២០២៥–២០២៦ នៅដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា ភាសាអង់គ្លេស ភាសាជប៉ុន និងទំនាក់ទំនងអន្តរជាតិ ឱ្យបានជ្រាបថា ដើម្បីជួយសម្រួលការសិក្សា ÆON 1% Club Foundation Scholarship នឹងផ្តល់អាហារូបករណ៍ថ្មីចំនួន ៥កន្លែង សម្រាប់ឆ្នាំសិក្សា២០២៦–២០២៧។
លក្ខខណ្ឌនៃការជ្រើសរើស៖
បេក្ខភាពនិស្សិតគប្បីជា៖
និស្សិតដែលកំពុងសិក្សាឆ្នាំទី១ដល់៣ នៅដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា ភាសាអង់គ្លេស ភាសាជប៉ុន និងទំនាក់ទំនងអន្តរជាតិ ស.ភ.ភ.ព. ក្នុងឆ្នាំសិក្សា២០២៥–២០២៦
និស្សិតដែលមានពិន្ទុសិក្សាល្អ (CGPA: ៣.០០ ឡើងទៅ)
និស្សិតដែលមានសុខភាពផ្លូវចិត្ត ផ្លូវកាយ អត្តចរិត និងបុគ្គលិកលក្ខណៈល្អ
និស្សិតដែលមានកម្រិតចំណេះដឹងភាសាអង់គ្លេស (ឬភាសាជប៉ុន សម្រាប់និស្សិតដេប៉ាតឺម៉ង់ជប៉ុន) ល្អ
និស្សិតដែលពុំធ្លាប់ទទួលបានអាហារូបករណ៍ពីស្ថាប័នណាមួយ រួមទាំងអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា
អត្ថប្រយោជន៍ដែលនឹងទទួលបាន៖
និស្សិតដែលជាប់ជាស្ថាពរនឹងទទួលបាននូវទឹកប្រាក់ឧបត្ថម្ភពីស្ថាប័នម្ចាស់ជំនួយ ចំនួន ១,៣០០ ដុល្លារអាមេរិក សម្រាប់មួយឆ្នាំសិក្សា។
និស្សិតត្រូវភ្ជាប់មកជាមួយ៖
ជីវប្រវត្តិសង្ខេបនិស្សិត (Resumé)
ព្រឹត្តិបត្រពិន្ទុដែលមានបញ្ជាក់ពិន្ទុរាល់ឆមាស ចាប់ពីឆមាសទី១នៃឆ្នាំទី១ (ជាភាសាអង់គ្លេស និងជាច្បាប់ដើម)
វិញ្ញាបនបត្របញ្ជាក់ការសិក្សានិស្សិត ដែលបង្ហាញពីអត្តសញ្ញាណនិងកម្រិតសិក្សាចុងក្រោយរបស់និស្សិត (ជាភាសាអង់គ្លេស និងជាច្បាប់ដើម)
សំណេរពណ៌នារួម អំពី៖ “Why do I want to become an ÆON 1% Club Foundation Scholarship & My Future Goals” ដែលមានប្រវែងមិនតិចជាង ៧៥០ពាក្យ
របៀបដាក់ពាក្យ និងកាលបរិច្ឆេទទទួលពាក្យ៖
ការិយាល័យទំនាក់ទំនងអន្តរជាតិ ស.ភ.ភ.ព. តម្រូវឱ្យនិស្សិតភ្ជាប់មកជាមួយនូវសំណៅឯកសារដែលបានបញ្ជាក់ខាងលើ មកការិយាល័យទំនាក់ទំនងអន្តរជាតិ នៅបន្ទប់២១៩A ជាន់ទី២ អគារA ដោយផ្ទាល់ នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃចន្ទទី៣១ ខែសីហា ឆ្នាំ២០២៦ ត្រឹមម៉ោង១៦:៤៥នាទី។
សម្រាប់សំណួរនិងព័ត៌មានផ្សេងៗ និស្សិតអាចទាក់ទងមកតាមរយៈតេឡេក្រាមការិយាល័យ https://t.me/iro_rupp